ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ជួប​លោក ភា សុភ័ត្រា្ត ក្រោយ​តែងតាំង​ជា​គ្រូជំនួយ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ

    ក្រោយ​ត្រូវបានប្រកាសតែងតាំងជាជំនួយការគ្រូបង្វឹករបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ លោក ភា សុភ័ត្រា្ត បានផ្តល់​បទសម្ភាសន៍​ដល់​ភ្នាក់ងារ​ព័ត៌មាន​របស់​ក្លិប ជុំវិញ​ការ​ចូលកាន់​កាប់​តួនាទី​របស់​ខ្លួន​ត្រៀម​បេសកកម្មសំខាន់ៗដូចជាលីគកំពូល​កម្ពុជា ជុំទី២ និងពានរង្វាន់ សម្តេចតេជោ ហ៊ុនសែន ដែលចូលមកដល់ឆាប់ៗនេះ។

    សំនួរ៖ តើលោក​ មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណាចំពោះ​តួនាទីថ្មី​របស់​លោក​នៅ​ក្លិប​ក្រសួងការពារជាតិ?
    លោក ភា សុភ័ត្រ្តា៖ បាទ !នេះគឺជាការត្រឡប់មកវិញសារជាថ្មីរបស់ខ្ញុំ​ ហើយ​វា​ក៏​ជា​ពេលវេលា​សមស្រប​មួយ ដើម្បីធ្វើការងារ​បច្ចេកទេស​មួយចំនួន ដើម្បីពង្រឹងក្រុមឲ្យបានល្អ​ អីញ្ចឹង​រឿង​ដែល​យើង​ត្រូវ​ធ្វើគឺការរៀបចំស្មារតីក្រុម ឬការធ្វើឲ្យក្រុមមានភាព​ស្រស់ស្រាយឡើងវិញ និង​ចំណុច​សំខាន់ៗ​គឺ​បំពេញ​ទៅ​លើ​កង្វះខាតដែលក្លិបមានកន្លងមក។

    សំនួរ៖  តើ​មូលហេតុអ្វីទើបលោកសម្រេចជ្រើសយកក្លិបក្រសួងការពារជាតិ​ និង​បដិសេធ​ក្លិប​ដទៃ​ផ្សេងទៀត?
    លោក ភា សុភ័ត្រ្តា៖ ចំណុចដែលធ្វើឲ្យខ្ញុំត្រឡប់មកវិញនេះ គឺដោយសារកត្តាមួយចំនួន​ ជាពិសេស​ថ្នាក់ដឹកនាំ លោក ខូវ ឆាយ ដែលគាត់តែងតែព្យាយាម ផ្តល់ឱកាសឲ្យខ្ញុំ​ ហើយ​តែងតែ​រង់ចាំ​យក​រូបខ្ញុំ​ត្រឡប់​មកវិញ។ លោកក៏បានបង្ហាញបញ្ជាក់ផងដែរថា មានក្រុមជាច្រើននៅលីគទី២​ ដែល​ចង់​បាន​លោក​ជា​គ្រូបង្គោល តែលោកបោះបង់ ដោយសម្រេចយកតួនាទីជាគ្រូជំនួយនេះ។

    សំនួរ៖  តើលោក មានគម្រោង អ្វីដើម្បីជួយដល់ក្លិបក្រសួងការពារជាតិ ក្នុងបច្ចុប្បន្ន និងអនាគត ?​
    លោក ភា សុភ័ត្រ្តា៖ ទៅថ្ងៃអនាគត ប្រហែលជាចប់រដូវកាល ខ្ញុំនឹងពិភាក្សាជាមួយក្លិប​ ក្នុង​ការ​បង្កើត​គម្រោង​សាលា​បាល់ទាត់​ក្រសួងការពារជាតិ​ ហើយ​ខ្ញុំនឹង​ដើរតួរ​ជាអ្នក​បច្ចេកទេស​រៀបចំ​ការងារ​នេះ ព្រោះវាជាក្តីស្រម៉ៃរបស់ខ្ញុំ។

    សំនួរ៖ តើលោក គិតថាក្នុងតួនាទីជាជំនួយការគ្រូបង្វឹកនេះ​ លោក​អាច​ជួយ​ឲ្យ​ក្លិប​គ្រង​ដំណែង​ជើង​ឯកលីគ​កំពូល ឬពានរង្វាន់ សម្តេច ហ៊ុនសែន បាន​ដែរ​ឬទេសម្រាប់រដូវកាលនេះ?

    លោក ភា សុភ័ត្រ្តា៖ ដោយសារតែតួនាទីខ្ញុំជាជំនួយការគ្រូបង្វឹក​ ដូចនេះ​ខ្ញុំមិន​អាច​ធ្វើអ្វី​ឲ្យ​លើស​ពី​តួនាទី​ទេ បានន័យថា អ្វីដែលខ្ញុំអាច​ចូលរួមពង្រឹងក្រុមបានគឺ បង្កើនបន្ថែមផែនការនៃការហ្វឹកហាត់​ បូក​រួម​លំហាត់​នៃ​ការហ្វឹកហាត់ យុទ្ធសាស្រ្តរបស់ក្រុម និងចិត្តសាស្រ្តរួម។

    សំនួរ៖ ដោយធ្លាប់មានបទពិសោធន៍ជាគ្រូបង្វឹកក្លិបមិនអាជីព​ តើ​លោក​គិត​ថា​ស្ថានភាព​ក្លិប​បាល់ទាត់​អាជីព និងមិនអាជីព​ខុសគ្នាយ៉ាងដូចម្តេច?

    លោក ភា សុភ័ត្រ្តា៖ ចំណុចតែមួយដែលអាចនិយាយបានគឺ ក្លិបអាជីពងាយស្រួលគ្រប់គ្រង​ ព្រោះ​កីឡាករ​ទាំង​អស់ទទួលបាន​ប្រាក់ខែ អញ្ចឹងពួកគាត់ត្រូវមានកុងត្រា និងលក្ខន្តិកៈជាមួយក្លិប​ បាន​ន័យ​ថា​ពួកគាត់​ត្រូវធ្វើតាមអ្វីដែលក្លិបត្រូវការ អញ្ចឹងងាយស្រួលក្នុងការគ្រប់គ្រង ជាងក្លិបមិនអាជីព​ ដែល​ពួកគាត់​ធ្វើការដោយស្ម័គ្រចិត្ត អញ្ចឹងពួកយើងមិនអាចបង្ខំគាត់បានទេ។

    សូមបញ្ជាក់ថា លោក ភា សុភ័ត្រា្ត គឺជាគ្រូបង្វឹកមួយរូបដែលកាន់សញ្ញាប័ត្រកម្រិត A ក្នុងតំបន់អាស៊ី ហើយអតីតភាពរបស់លោកគឺជា​អតីតកីឡាកររបស់ក្លិបក្រសួងការពារជាតិ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៦ មុនប្តូរតួនាទីជាគ្រូបង្វឹកបង្គោលនៅក្លិបរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលធំៗរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) វគ្គMaster Coaching Course ( Fitness & Management) ។

    បទពិសោធន៍ជាច្រើនក្នុងនាមជាគ្រូបង្គោលផង និងជំនួយការគ្រូបង្វឹកផង ធ្វើឲ្យ​ អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ( ឈុតយុវជនអាយុក្រោម២២ឆ្នាំ )​ រូបនេះ​មាន​ទស្សនៈ​វិស័យ​ខ្ពស់​លើ​ផ្នែក​បច្ចេកទេស​និង​រៀបចំក្បួនយុទ្ធសាស្រ្តប្រកួត៕

    ព័​ត៍​មានដែលទាក់ទង