ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • ទស្សនៈ លោក ទេព ឡុងរចនា មុនប្រកួតបញ្ចប់ជើងទី១ ទល់នឹងក្រុមអគ្គិសនីកម្ពុជាល្ងាចថ្ងៃសៅរ៍នេះ

    ក្រោយការហ្វឹកហាត់នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី ១១ ខែ ឧសភា ឆ្នាំ ២០១៧ ម្សិលមិញ​នេះ លោក ទេព ឡុងរចនា គ្រូបង្វឹករបស់ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ បាន​ផ្តល់​បទសម្ភាសន៍​ជូន​បណ្តាញ​សារព័ត៌មាន​អំពីស្ថានភាពមុនការប្រកួត និងទស្សនៈជុំវិញ​ការប្រកួតនាល្ងាចថ្ងៃសៅរ៍ សប្តាហ៍នេះ។

    ជាដំបូងលោកបាននិយាយថា៖ « អគ្គិសនីកម្ពុជា ជាក្រុមដែលមានតែកីឡាករខ្មែរពិតមែន ប៉ុន្តែសុទ្ធសឹងកីឡាករដែលមាន​បទពិសោធន៍ច្រើន ព្រោះពួកគេធ្លាប់លេងនៅលីគច្រើនឆ្នាំមកហើយ។ដូច្នេះ​យើង​មិន​អាចធ្វេសប្រហែសបានទេ បើមិនដូច្នេះទេ លទ្ធផលដូចពេលជួបជាមួយវេស្ទើនភ្នំពេញចឹង គឺយើងចាញ់»។ យ៉ាងណាក៏ដោយគ្រូបង្វឹកលោកគ្រូសាន ( ឈ្មោះក្រៅ ) នៅតែ​ជឿជាក់​ថា​កូន​ក្រុម​របស់​ខ្លួន​នឹងអាចធ្វើបានល្អដើម្បីដណ្តើមយក៣​ពិន្ទុបន្ថែម ដោយសារមិនមានបញ្ហាកីឡាកររបួស ឬជាប់ពិន័យឡើយ និយាយឲ្យខ្លីគឺពេញជើងតែម្តង។

    និយាយអំពីគូប្រកួត គ្រូសាន ក៏បានចង្អុលបង្ហាញកីឡាករខ្លាំងៗរបស់អគ្គិសនីកម្ពុជា ២-៣រូបផងដែរ តួរយ៉ាងដូចជា ជិន ជុំ ដែលជាកីឡាករនាំលេង ហើយនឹងគ្រោះថ្នាក់ចំពោះការប្រកួត មិនត្រឹមតែ​ប៉ុណ្ណោះ​នៅ​មានកីឡាករ​ដែលពួកគេ ( អគ្គិសនីកម្ពុជា ) នាំយកពីព្រះខ័នរាជស្វាយរៀង ២-៣រូបទៀតផងដែរ។

    អំពីតារាងពិន្ទុវិញគ្រូបង្វឹកក្រសួងការពារជាតិបានបង្ហាញទស្សនៈថា « ក្នុងនាមជាថ្នាក់ដឹកនាំក្លិប គឺយើងមិនដែលគិតថាចង់នៅក្រោម​គេឡើយ គ្រប់ពេលគឺត្រូវតែនៅលើគេ »។ ត្រង់នេះ​គឺ​​មាន​ន័យថា​គ្រប់​ការប្រកួតលោកតែងចង់ឲ្យក្លិបយកបាន៣ពិន្ទុ ពីព្រោះលោកគិតថា ពិន្ទុគឺសំខាន់បំផុតនៅក្នុងការប្រកួតបាល់ទាត់ និងសំខាន់ជាងគ្រាប់បាល់ចំនេញទៅទៀត។

    សូមបញ្ជាក់ផងដែរថា ក្រសួងការពារជាតិ នឹងប្រកួតជាមួយអគ្គិសនីកម្ពុជា វេលាម៉ោង ៦ល្ងាច ថ្ងៃ សៅរ៍ ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បី​បញ្ចប់​ការ​ប្រកួត​សប្តាហ៍​ទី១១ ជើងទី១ ក្នុងលីគកំពូលកម្ពុជា៕

    ព័​ត៍​មានដែលទាក់ទង