ទូរស័ព្ទយើង: (+855)-96 710 9999/(+855)81 639 996 - អ៊ីម៉ែល: armyfc.cam@gmail.com

  • en
  • លោក ទេព ឡុងរចនា បង្ហាញ​ចំណាប់អារម្មណ៍​ក្រោយ​វាយ​បក​យក​ឈ្នះ​ភ្នំពេញក្រោន ៣-២ ក្នុង​សប្តាហ៍​ទី១០

    លោក ទេព ឡុង រចនា គ្រូបង្វឹកក្រសួងការពារជាតិ បានធ្វើការបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន​ ជុំវិញ​ការ​ប្រកួតសប្តាហ៍ទី ១០ ដែល​ត្រូវ​បាន​ភ្នំពេញក្រោននាំមុខ២-០ ហើយ​ អាច​វាយ​បក​បាន​៣គ្រាប់​ យក​ឈ្នះវិញ ធ្វើឲ្យមានពិន្ទុស្មើជាមួយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង​ មុន​ចប់​ជើង​ទី១ ។

     

    លោក​គ្រូ​ដែល​ធ្លាប់​ដឹកនាំ​ក្រុម Cambodia All Stars រូប​នេះ​បាន​លើក​ឡើង​ថា៖ « នៅក្នុងវគ្គទី១​ កីឡាករ​របស់​យើង​បណ្តោយ​ឲ្យ​គូ​ប្រកួត ធ្វើការគ្របដណ្តប់លើភាគរយនៃការគ្រប់គ្រងបាល់​ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​បាត់​បង់២គ្រាប់ ប៉ុន្តែនៅវគ្គទី២ យើងបានរៀបចំឡើងវិញ​ ដើម្បី​មិន​ឲ្យ​ពួក​គេ​មាន​សាច់​បាល់​លេង»។

     

    ចំពោះ​សំនួរ​ដែល​អ្នកសារព័ត៌មាន​ចោទ​សួរថា តើលោកគ្រូមានការព្រួយបារម្មណ៍ឬទេ​ នៅ​ពេល​ដែល​ក្នុង​វគ្គទី១ ត្រូវក្រុមភ្ញៀវនាំមុខដល់ទៅ ២គ្រាប់? គ្រូបង្វឹកដដែលរូបនេះបន្តថា៖« ជាការពិត​ នៅ​ក្នុង​បាល់ទាត់​ប្រសិន​បើ​យើង​បារម្មណ៍ ឬបាត់បង់ស្មារតី មានន័យថាការដឹកនាំ​របស់យើងអត់ល្អទេ​ តែ​យើងត្រូវគិតថាចាញ់ពីរគ្រាប់ដោយសារអ្វី ហើយយើងធ្វើការរៀបចំ​ និង​សួរថា​តើ​យើង​ឈ្នះ​យ៉ាង​ម៉េច?»។

     

    លោក​គ្រូ​ក៏​បាន​បង្ហាញ​ទស្សនៈលើគូប្រកួត​ផង​ដែរ​ថា៖«​ដោយ​លេង​ជាមួយ​ក្រុម​មួយ​ដែល​មិន​សូវ​សំបូរ​កីឡាករ​ខ្ពស់ ​ដូចនេះយើងត្រូវតែលេងបានវែង​ ជា​ជាង​លេង​បាល់​ខ្លី​ដែល​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់»។ ចំពោះ​កីឡាករ​ដែលល្អក្នុងការប្រកួតនេះសម្រាប់ក្រុមក្រសួងការពារជាតិ លោក ទេព ឡុងរចនា បាន​ផ្តល់​ឲ្យប្រធានក្រុម កីឡាករ រ៉ឹង ប៊ុនហៀង ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​លើ​ទីលាន។

     

    ក្រុម​ក្រសួងការពារជាតិ បាន​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញក្រោន ដោយ​លទ្ធផល៣ទល់២ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៧។ កីឡាករ​ជនជាតិ​កូរ៉េខាងជើង Choe Myong Ho កីឡាករ ច្រឹង ពលរដ្ឋ និង កីឡាករ រ៉ឹង ប៊ុនហៀង រក​គ្រាប់​បាល់ជ័យជម្នះ​នេះ ខណៈ​កីឡាករ កែវ សុខផេង និង ប្រាក់ ធីវ៉ា ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ភ្នំពេញក្រោន។

     

    ក្រោយ​បញ្ចប់ការប្រកួតសប្តាហ៍ទី១០នេះ ក្រសួងការពារជាតិ មាន ២១ពិន្ទុ ស្មើនឹងក្រុមកំពូលតារាង​ បន្ទាប់​ពី​ព្រះខ័នរាជស្វាយរៀង បរាជ័យពេលជួបណាហ្គាវើល ៣-១​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ​ស្មើគ្នា ប៉ុន្តែចាញ់គ្រាប់ចំណេញ៕

    ព័​ត៍​មានដែលទាក់ទង